PSBU Ph.D. Program
This page provides information of studying PhD at PSBU.
15/09/2026
គណៈគ្រប់គ្រង និងក្រុមការងារ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ប្រជុំពិភាក្សាការងារត្រៀមរៀបចំពិព័រណ៍ផលិតផល និងការងារ ដើម្បីផ្តល់ឱកាសដល់និស្សិត និងពង្រឹងកិច្ចសហការជាមួយដៃគូនានា
រាជធានីភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃីម ដារ័ត្ន អនុប្រធានអចិន្ត្រៃយ៍សាលាថ្នាក់ក្រោយបរិញ្ញាបត្រ និងប្រធានទទួលបន្ទុកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកបណ្ឌិត Amirhossein Taghipour ទីប្រឹក្សាស្រាវជ្រាវអន្តរជាតិ និងក្រុមការងារ បានប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំកម្មវិធីពិព័រណ៍ផលិតផល និងការងារ នៅបន្ទប់សាលាថ្នាក់ក្រោយបរិញ្ញាបត្រ នៃអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងកិច្ចប្រជុំនេះ លោក ឃីម ដារ័ត្ន បានលើកឡើងពីដំណើរការ និងគោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ផលិតផល និងការងារ ដែលគ្រោងនឹងរៀបចំឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ លោកបានបន្តថា កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាផ្សាភ្ជាប់រវាងនិស្សិត និងស្ថាប័ន ឬក្រុមហ៊ុនដៃគូ ដើម្បីបង្កើនឱកាសស្វែងរកការងារ និងការងារហាត់ការ សម្រាប់និស្សិត ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូខាងក្រៅ។
ជាមួយគ្នានេះ ពិព័រណ៍នេះនឹងក្លាយជាវេទិកាសម្រាប់ស្ថាប័ន និងក្រុមហ៊ុនដៃគូ បង្ហាញផលិតផល សេវាកម្ម និងឱកាសការងារ ការផ្លាស់ប្តូរព័ត៌មាន និងការស្វែងរកឱកាសអភិវឌ្ឍសមត្ថភាព។ ជាពិសេស ការរៀបចំកម្មវិធីនេះក៏ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងតម្រូវការ និងសូចនាករពាក់ព័ន្ធនឹង QS World University Rankings ផងដែរ។
ព្រមជាមួយគ្នានេះ លោកបណ្ឌិត Amirhossein Taghipour បានបន្ថែមថា ការរៀបចំពិព័រណ៍នេះត្រូវរៀបចំប្រកបដោយស្តង់ដារជាតិ និងអន្តរជាតិ ដោយផ្តោតលើគុណភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែងសម្រាប់និស្សិត និងស្ថាប័នដៃគូ។ ការរៀបចំកម្មវិធីនេះនឹងជួយបង្កើនការផ្សាភ្ជាប់រវាងការអប់រំ និងទីផ្សារការងារ ផ្តល់ឱកាសឱ្យនិស្សិតអនុវត្តចំណេះដឹង និងស្វែងយល់ពីតម្រូវការជាក់ស្តែង ព្រមទាំងចូលរួមបង្ហាញសកម្មភាពរបស់ពុទ្ធិកសាកលវិទ្យាល័យក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមនិន្នាការ និងស្តង់ដាររបស់សាកលវិទ្យាល័យអន្តរជាតិ។
ជាលទ្ធផល បន្ទាប់ពីការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពកំណត់ពេលវេលារៀបចំពិព័រណ៍នៅចុងខែតុលា ឆ្នាំ២០២៦ និងបានបែងចែកភារកិច្ចជាក់លាក់ដល់ក្រុមការងារ ដើម្បីធានាថាដំណើរការនៃការប្រព្រឹត្តទៅនៃកម្មវិធីប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
សមណនិស្សិត និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ សិក្សាពី «ទម្រង់ និងលក្ខខណ្ឌតម្រូវនៃនិក្ខេបបទថ្នាក់បណ្ឌិត» បង្រៀនដោយសាស្ត្រាចារ្យបណ្ឌិត ម៉ុក សារ៉ុម
12/09/2026
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំកម្មវិធី ការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត
បេក្ខជនបណ្ឌិត ប៉ាន់ សំណាង ជំនាញ រដ្ឋបាលអប់រំនិងភាពជាអ្នកដឹកនាំ បានធ្វើបទបង្ហាញការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត លើប្រធានបទ «កត្តាជះឥទ្ធិពលដល់គុណភាពជីវិតការងាររបស់គ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា» ដែលជាប្រធានបទមួយជួយដល់ការឈ្វេងយល់អំពីបញ្ហា និងកត្តាដែលជះឥទ្ធិពលដល់ជីវិតការងាររបស់គ្រូបង្រៀន ដើម្បីឈានទៅរកការកែលម្អបរិយាកាសការងារ សុខុមាលភាព ការពេញចិត្ត និងប្រសិទ្ធភាពការងារព្រមទាំងរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
កម្មវិធីការពារសាកល្បងនិក្ខេបបទនារសៀលនេះមានការអញ្ជើញចុះត្រួតពិនិត្យដោយ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សាកលវិទ្យាធិការរង គណៈគ្រប់គ្រង ព្រមទាំងមានការនិមន្ត និងចូលរួមពីសមណនិស្សិត និស្សិតសរុបចំនួន ២៦ អង្គ/នាក់ នៅសាលវិមានឯករាជ្យ អគារសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ។
ការធ្វើបទបង្ហាញការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនេះផងដែរ ប្រព្រឹត្តទៅក្រោមការវាយតម្លៃនិងផ្ដល់មតិកែសម្រួលដោយ គណៈកម្មការជំនាញរួមមាន៖
_ ឯកឧត្តមបណ្ឌិត ជ័យ សារិន
_ បណ្ឌិត ឈុន រ៉ាមី
_ បណ្ឌិត ឡឹក ជំនោរ
_ ឯកឧត្តមបណ្ឌិត លីម សុធា
_ សាស្ត្រាចារ្យបណ្ឌិត ម៉ុក សារ៉ុម
_ ឯកឧត្តមបណ្ឌិត ចាន់ សុភា
_ បណ្ឌិតសភាចារ្យ សោម សុមុនី
កាលបរិច្ឆេទ៖ រសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦
12/09/2026
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត
បេក្ខជនបណ្ឌិត គឹម សីលា ជំនាញ រដ្ឋបាលអប់រំនិងភាពជាអ្នកដឹកនាំ បានឡើងធ្វើបទបង្ហាញការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត លើប្រធានបទ «ផលជះភាពជាអ្នកដឹកនាំឌីជីថលរបស់នាយកសាលាលើប្រសិទ្ធភាពសាលារៀនមធ្យមសិក្សាទុតិយភូមិនៅប្រទេសកម្ពុជា» ជាប្រធានបទមួយដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងបរិបទអប់រំនាពេលបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាឌីជីថលកំពុងក្លាយជាផ្នែកមួយនៃការគ្រប់គ្រង និងការបង្រៀន-រៀន ដែលតម្រូវឱ្យនាយកសាលា មិនត្រឹមតែផ្តោតលើការគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពជំរុញវឌ្ឍនភាពអ្នកក្រោមឱវាទ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសាលារៀន។
កម្មវិធីការពារសាកល្បងនិក្ខេបបទនាថ្ងៃនេះមានការអញ្ជើញចុះត្រួតពិនិត្យដោយ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សាកលវិទ្យាធិការរង គណៈគ្រប់គ្រង ព្រមទាំងមានការនិមន្ត និងចូលរួមពីសមណនិស្សិត និស្សិតសរុបចំនួន ២៦ អង្គ/នាក់ នៅសាលវិមានឯករាជ្យ អគារសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ។
ការធ្វើបទបង្ហាញការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនាថ្ងៃនេះ ប្រព្រឹត្តទៅក្រោមការវាយតម្លៃនិងផ្ដល់មតិកែសម្រួលដោយ គណៈកម្មការជំនាញរួមមាន៖
_ បណ្ឌិតសភាចារ្យ សោម សុមុនី
_ ឯកឧត្តមបណ្ឌិត ជ័យ សារិន
_ បណ្ឌិត ឈុន រ៉ាមី
_ បណ្ឌិត ឡឹក ជំនោរ
_ សាស្ត្រាចារ្យបណ្ឌិត ម៉ុក សារ៉ុម
_ បណ្ឌិត ហោ ម៉េងហ៊ាង
កាលបរិច្ឆេទ៖ ព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦
12/09/2026
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះបរមរាជានុញ្ញាតឱ្យ ឯកឧត្តម មីន អោង ឡាំង និងគណៈប្រតិភូជាន់ខ្ពស់ ចូលក្រាបបង្គំគាល់ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
រាជធានីភ្នំពេញ៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ទ្រង់សព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ចូលក្រាបបង្គំគាល់សម្តែងការគួរសម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ។
ការចូលក្រាបបង្គំគាល់នេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម មីន អោង ឡាំង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ តបតាមព្រះរាជសារអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម មីន អោង ឡាំង បានថ្វាយគ្រឿងសក្ការៈបូជាថ្វាយសម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ និងបានទូលថ្វាយអំពីការពិភាក្សាផ្លូវរដ្ឋជាមួយថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចកម្ពុជា ជុំវិញការពង្រឹងទំនាក់ទំនងផ្នែកព្រះពុទ្ធសាសនា។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានិងមីយ៉ាន់ម៉ាសុទ្ធសឹងជាប្រទេសប្រកាន់ខ្ជាប់ព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការរឹតចំណងមិត្តភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានទូលថ្វាយអំពីព្រះពុទ្ធរូបព្រះមារាវិជ័យ (Māravijaya) ដ៏ធំមហិមានៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា និងបានសម្តែងក្តីសង្ឃឹមថានឹងមានការកសាងវត្តអារាមកម្ពុជានៅតំបន់នោះ ដើម្បីក្លាយជានិមិត្តរូបនៃមិត្តភាពផ្នែកពុទ្ធចក្ររវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ បានសម្តែងព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងបានបង្ហាញជូន ឯកឧត្តមប្រធានាធិបតី អំពីអន្តេវាសិកដ្ឋានសន្តិភាពអន្តរជាតិកម្ពុជា-មីយ៉ាន់ម៉ា ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា ការអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងសិស្ស និស្សិត ដែលត្រៀមបញ្ចប់ការសាងសង់នាខែមករា ឆ្នាំ២០២៧ខាងមុខ។
ជាមួយគ្នានេះ សម្តេចជាអម្ចាស់បានមានព្រះរាជបន្ទូលបន្ថែមអំពីវឌ្ឍនភាព និងការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងបានបង្ហាញអំពីសមិទ្ធផលសំខាន់ៗរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាពិសេសការផ្តល់អាហារូបករណ៍សិក្សាពេញលេញ ១០០% ដល់សមណនិស្សិត និងនិស្សិតមកពីគ្រប់មជ្ឈដ្ឋាន ដោយមិនមានការរើសអើង ការផ្តល់អន្តេវាសិកដ្ឋានសម្រាប់ស្នាក់នៅ ព្រមទាំងការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ តាមរយៈប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រមទាំងបានបង្ហាញពីសមិទ្ធផលរីកចម្រើននានារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជារួមមាន៖ (១) អគារសិក្សាព្រះករុណា ព្រះមហាក្សត្រ សីហមុនី (២) អគារសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, (៣) អគារសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កម្ពស់ ៩ជាន់ (៤) អគាររដ្ឋបាល (៥) ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី (៦) អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព កម្ពស់ ៥ ជាន់ (៧) អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព កម្ពស់ ៧ ជាន់ ដែលកំពុងសាងសង់ផងដែរ។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមធម៌ក្នុងការទទួលបានការអប់រំ ការលើកកម្ពស់សុខមាលភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។
សូមជម្រាបថា សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ ទ្រង់ធ្លាប់បានយាងជួប ឯកឧត្តម មីន អោង ឡាំង នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង មកកាន់កម្ពុជានាពេលនេះ កាន់តែបង្ហាញឱ្យឃើញពីការបន្តពង្រឹងចំណងមិត្តភាពដ៏កក់ក្តៅ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនា វប្បធម៌ និងការអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
11/09/2026
កម្មវិធី៖ ការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត
នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
សមាសភាពគណៈកម្មការវាយតម្លៃ មានដូចខាងក្រាម៖
- បណ្ឌិតសភាចារ្យ សោម សុមុនី
- ឯកឧត្តមបណ្ឌិត ជ័យ សារិន
- ឯកឧត្តមបណ្ឌិត លីម សុធា
- ឯកឧត្តមបណ្ឌិត ចាន់ សុភា
- សាស្រ្តាចារ្យបណ្ឌិត ម៉ុក សារ៉ុម
- បណ្ឌិត ឈុន រ៉ាមី
- បណ្ឌិត ឡឹក ជំនោរ
- បណ្ឌិត ហោ ម៉េងហ៊ាង សមាសភាពបេក្ខជនបណ្ឌិត៖
- បេក្ខជនបណ្ឌិត ឈឿង ចាន់ធឿន
- បេក្ខជនបណ្ឌិត គឹម សីលា
- បេក្ខជនបណ្ឌិត ប៉ាន់ សំណាង
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ទីតាំង៖ សាលវិមានឯករាជ្យ ជាន់ទី៩ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៕
សូមចុចលីង Telegram ខាងក្រោមដើម្បីចូលរួម
https://t.me/+eGs3xnWhKLg2NDRl
————————————
សូមអរព្រះគុណ សូមអរគុណ!
11/09/2026
កម្មវិធី៖ ការពារគម្រោងស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត
នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
សមាសភាពគណៈកម្មការវាយតម្លៃ មានដូចខាងក្រាម៖
- បណ្ឌិតសភាចារ្យ សោម សុមុនី
- សាស្ត្រាចារ្យបណ្ឌិត ម៉ុក សារ៉ុម
- បណ្ឌិត ខាត់ បូរ៉ា
- បណ្ឌិត ហៃ សុវង្ស
- បណ្ឌិត យ៉េន សិត្យា
សមាសភាពបេក្ខជនបណ្ឌិត៖
- បេក្ខជនបណ្ឌិត ហេង វឌ្ឍន
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ទីតាំង៖ សាលវិមានឯករាជ្យ ជាន់ទី៩ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៕
សូមចុចលីង Telegram ខាងក្រោមដើម្បីចូលរួម
https://t.me/+eGs3xnWhKLg2NDRl
————————————
សូមអរព្រះគុណ សូមអរគុណ!
10/09/2026
ឯកឧត្តម ងួន ស្តេចភក្តី អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអន្តរជាតិមកពីប្រទេសចិន ក្នុងឱកាសទស្សនកិច្ចនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ រួមជាមួយលោកជំទាវឧកញ៉ា ទាវ ប៊ុនចិន្តា អនុប្រធានទទួលបន្ទុកកិច្ចការងារទូទៅនៃប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី គណៈគ្រប់គ្រង និងមន្ត្រីនៃពុទ្ធិកសាកលវិទ្យាល័យ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអន្តរជាតិមកពីប្រទេសចិន លោក Zhou Yong Nan ប្រធានមជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យកម្ពុជា និងលោក Wang Chongyang អគ្គលេខាធិការរងនៃAsia Pacific Exchange & Cooperation Foundation - APECF ព្រមទាំងសហការី ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន ការផ្លាស់ប្តូរនិស្សិត និងការផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅសិក្សានៅវិទ្យាស្ថានពុទ្ធសាសនា ជៀនចិន (Jianzhen Buddhist College) ស្ថិតនៅខេត្តជាំងស៊ូ ប្រទេសចិន ការរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យ ព្រមទាំងការត្រៀមរៀបចំកិច្ចសហប្រតិបត្តិការជាដៃគូ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងព្រះពុទ្ធសាសនា។
បន្ទាប់ពីជំនួបពិភាក្សា ឯកឧត្តម ងួន ស្តេចភក្តី រួមជាមួយគណៈគ្រប់គ្រង មន្ត្រីជំនាញ និងក្រុមការងារផ្នែកសុវត្ថិភាពអគ្គិភ័យ បានអញ្ជើញពិនិត្យអគារអគារអន្តេវាសិកដ្ឋាន អគារសិក្សា សាលប្រជុំ និងបន្ទប់សិក្សានានា ដើម្បីសិក្សាពីការរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងឧបករណ៍ពន្លត់អគ្គិភ័យឱ្យស្របតាមស្តង់ដារគ្រប់គ្រង និងរក្សាបាននូវសុវត្ថិភាពជាចម្បង។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានបញ្ជាក់ពីការត្រៀមជួយគាំទ្រដល់ពុទ្ធិកសាកលវិទ្យាល័យ ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអគ្គិភ័យ រួមមាន ការបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យ ការរៀបចំប្រព័ន្ធទឹក ការបំពាក់ឧបករណ៍បន្លឺសញ្ញាអាសន្ន ព្រមទាំងការរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការឆ្លើយតបចំពោះហានិភ័យអគ្គិភ័យ ដល់មន្ត្រី បុគ្គលិក និងនិស្សិតរបស់ពុទ្ធិកសាកលវិទ្យាល័យផងដែរ។
កិច្ចជំនួប និងដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ពុទ្ធិកសាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យអប់រំ ព្រះពុទ្ធសាសនា និងសុវត្ថិភាពអគ្គិភ័យ ព្រមទាំងការរួមចំណែកលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងគុណភាព សម្រាប់សមណនិស្សិត និស្សិត និងបុគ្គលិករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
09/09/2026
ឯកឧត្តម ងួន ស្តេចភក្តី អញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្សពីខេត្តត្បូងឃ្មុំ ក្នុងឱកាសទទួលអាហារូបករណ៍នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមជាមួយគណៈគ្រប់គ្រង បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្សចំនួន ៤២នាក់ មកពីឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រៀមបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ក្នុងជំនួបនេះ ឯកឧត្តម ងួន ស្តេចភក្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអាណាព្យាបាល និងសិស្សានុសិស្ស ព្រមទាំងបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការផ្តល់ឱកាសសិក្សាសម្រាប់សិស្ស ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត និងមកពីតំបន់ជនបទ។ ឯកឧត្តមបានលើកឡើងថា ការផ្តល់អាហារូបករណ៍ និងសេវាគាំទ្រផ្សេងៗ មានគោលបំណងជួយសម្រាលបន្ទុកជីវភាព និងពង្រីកលទ្ធភាពឱ្យយុវជនអាចបន្តការសិក្សាកម្រិតឧត្តមសិក្សាប្រកបដោយគុណភាព។ តាមរយៈគោលនយោបាយគាំទ្រសិស្ស និងនិស្សិត ពុទ្ធិកសាកលវិទ្យាល័យផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យអប់រំ វិស័យសង្គហសង្គ្រោះ និងវិស័យសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់យុវជន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្ស ខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងចូលរួមក្នុងសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងវេទិកាចែករំលែកចំណេះដឹងនានា ដើម្បីពង្រឹងបទពិសោធន៍ និងត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។
ក្រោយពីជំនួបសំណេះសំណាលរួច ឯកឧត្តមបានចាត់ឱ្យលោក ឃីម ដារ័ត្ន ដឹកនាំអាណាព្យាបាល និងសិស្សានុសិស្សធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយបានចូលទស្សនា អន្តេវាសិកដ្ឋានតេជោសន្តិភាព ប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី និងថ្នាក់រៀន ដើម្បីបង្ហាញពីបរិយាកាសសិក្សា និងសេវាគាំទ្រដែលពុទ្ធិកសាកលវិទ្យាល័យផ្តល់ជូននិស្សិត។
ជំនួប និងដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល និងរីករាយ ដោយអាណាព្យាបាល និងសិស្សានុសិស្សបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះឱកាសបន្តការសិក្សា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានផ្តល់ឱកាស និងគាំទ្រដល់សិស្សានុសិស្សមកពីតំបន់ជនបទ ឱ្យមានលទ្ធភាពបន្តការសិក្សាកម្រិតឧត្តមសិក្សា។
07/09/2026
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំកិច្ចប្រជុំ ពង្រឹងការងារបច្ចេកទេស និងគុណភាពអប់រំរបស់សមណនិស្សិត និស្សិត ចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤
នាព្រឹកថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំកិច្ចប្រជុំ ពង្រឹងការងារបច្ចេកទេស និងគុណភាពអប់រំរបស់សមណនិស្សិត និស្សិត ចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ ក្រោមអធិបតីភាពឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី សាកលវិទ្យាធិការរង គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ ប្រធានដេប៉ាតឺម៉ង់ និងបុគ្គលិកពាក់ព័ន្ធ ចំនួន១៣អង្គ/នាក់ នៅបន្ទប់ប្រជុំឯកឧត្តម ងួន ស្ដេចភក្ដី។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សា និងរៀបចំការងារបច្ចេកទេសអប់រំសមណនិស្សិត និស្សិត ចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ ដោយពិនិត្យលើរយៈពេលសិក្សា ស្ថិតិសមណនិស្សិត និស្សិតតាមឯកទេសទាំង ៧ និងការចូលរួមក្នុងសកម្មភាពសិក្សា ដើម្បីពង្រឹង និងកសាងវឌ្ឍនភាពនៃការអប់រំបណ្តុះបណ្តាលរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានសម្រេចឯកភាពលើទិសដៅការងារសំខាន់ៗចំនួន ៥ រួមមាន៖ (១) ធ្វើបច្ចុប្បន្នភាពស្ថិតិវត្តមាន និងទិន្នន័យសមណនិស្សិត និស្សិតជាប្រចាំខែឱ្យបានច្បាស់លាស់ (២) ឯកភាពឱ្យសមណនិស្សិត និស្សិតឆ្នាំទី៣ ឆមាសទី២ ចាប់ផ្តើមរៀបចំសរសេរសារណា ដោយមានគ្រូណែនាំត្រឹមត្រូវ និងមានការចេញសេចក្តីជូនដំណឹងផ្លូវការពីការិយាល័យរដ្ឋបាលនិងការិយាល័យសិក្សា (៣) រៀបចំបញ្ជីផ្ទៀងផ្ទាត់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាមួយប្រព័ន្ធក្រេឌីតសិក្សាជាតារាងជាក់លាក់ (៤) ផ្ទៀងផ្ទាត់ឈ្មោះក្នុងគល់បញ្ជី និងចំនួនជាក់ស្តែងដែលបានចូលរួមសិក្សាឱ្យស្របគ្នាយ៉ាងម៉ឺងម៉ាត់ និង(៥) បង្កើនការចូលរួម ការប្រកួតប្រជែង ការចុះទស្សនកិច្ចសិក្សាតាមបណ្តាក្រសួង-ស្ថាប័ននានា និងការធ្វើបទបង្ហាញ ដើម្បីបណ្តុះភាពក្លាហាន និងលើកទឹកចិត្តសកម្មភាពសិក្សាឱ្យកាន់តែមានភាពផុសផុល។
Address
Opposite To Russian Embassy
Phnom Penh
12301
Opening Hours
| Monday | 07:00 - 17:00 |
| Tuesday | 07:00 - 17:00 |
| Wednesday | 07:00 - 17:00 |
| Thursday | 07:00 - 17:00 |
| Friday | 07:00 - 17:00 |
| Saturday | 07:00 - 17:00 |
| Sunday | 07:00 - 17:00 |
Alerts
Be the first to know and let us send you an email when PSBU Ph.D. Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.