CSM
We, Cambodian, Love Peace.
21/05/2026
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចូលរួមប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានាអនាគតរបស់យើងរួមគ្នា»។
ក្នុងសុន្ទរកថាបើក ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងពីប្រធានបទ "ធានាអនាគតរបស់យើងរួមគ្នា" ឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នា លើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ បានគូសបញ្ជាក់ថា កត្តាសន្តិភាព ស្ថិរភាព និងភាពធន់នៅក្នុងតំបន់របស់យើងអាចរក្សាបានតែតាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ បានកោតសរសើរម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ (ACDFM) លើកទី២២ ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការរួមចំណែកដ៏មានអត្ថន័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ បានទទួលស្គាល់ការគ្រប់គ្រងរបស់ម៉ាឡេស៊ី លើក្រុមអ្នកសង្កេតការណ៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រយន្តការត្រួតពិនិត្យបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី បានបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាពក្នុងតំបន់ស្របតាមមាគ៌ាអាស៊ាន។
ឯកឧត្តម បានបន្តថា ប្រទេសហ្វីលីពីនទទួលយកការទទួលខុសត្រូវនេះ ហើយយល់ដឹងយ៉ាងច្បាស់ថា ការសន្ទនា ការកសាងទំនុកចិត្ត ត្រូវតែពង្រឹងជាបន្តបន្ទាប់ ហើយសន្តិភាពត្រូវតែការពារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
អគ្គមេបញ្ជាការកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន បានធ្វើការផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខ ដែលជាក្តីកង្វល់រួម ដូចជាបញ្ហាសន្តិសុខដែនសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។
សម្រាប់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេស ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងប្រទេសហ្វីលីពីន ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់ក្នុងការគាំទ្របទឈប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់ (AOT) នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបញ្ជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងអាស៊ានដោយខ្លួនឯង។
ឯកឧត្តម បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីធានាឲ្យមានការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
យ៉ាងណា ឯកឧត្តម បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឲ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ៕
18/05/2026
(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសរសើរការកែទម្រង់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន សម្រាប់អគ្គបញ្ជាការដ្ឋានពី ៦០០០នាក់ ឱ្យនៅសល់ត្រឹមជាង ៦០០នាក់ប៉ុណ្ណោះ
06/05/2026
អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនោះ លោកឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងបានសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក នឹងបន្តខិតខំបំពេញការងារឲ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅភាគីណា ជាពិសេសការបង្កើនឡើងថែមទៀតការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រធានក្រុមបេសកកម្ម AOT ថ្មី មកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ AOT ក្នុងកិច្ចការងារនាពេលកន្លងមក។
ក្នុងនាមកម្ពុជាជារដ្ឋគ្រួសារអាស៊ាន ឯកឧត្តមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានបង្ហាញពីការសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម បានបញ្ជាក់ជាថ្មីពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនកែប្រែដោយកម្លាំងប្រដាប់អាវុធ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការចូលរួមគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ដោយឯកឧត្តមជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន៕
02/05/2026
គណបក្សប្រជាជនកម្ពុជាស្រុកពារាំង ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៦
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាស្រុកពារាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែបន្តខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្ដើម លោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានឡើងអានរបាយការណ៍បូកសរុបសកម្មភាពការងារដែលសម្រេចបានក្នុងរយៈពេលមួយខែកន្លងមក ដែលក្នុងនោះផ្ដោតសំខាន់លើការងារសភាពការណ៍ទូទៅនៅមូលដ្ឋានស្រុកពារាំង សកម្មភាពការងារពង្រឹងគណបក្ស និងការសាមគ្គីភាពផ្ទៃក្នុងជាដើម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់ថ្នាក់ សមាជិកក្រុមការងារគណបក្ស ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបានលទ្ធផលគួរឱ្យមោទនៈ។
ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់ការណែនាំដល់មន្រ្តីបក្សឲ្យបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបក្ស ធ្វើសកម្មភាពនៅមូលដ្ឋានជាប្រចាំដើម្បីបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវរកឲ្យឃើញនូវបញ្ហាប្រឈមនានាដែលកើតមាននៅមូលដ្ឋាន, និងគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសអ្នកគ្មានទីពឹង និងអត់កម្លាំងពលកម្ម៕
01/04/2026
ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំឆ្លងផែនការការងារហ្វឹកហ្វឺន ឆ្នាំ២០២៦
(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការហ្វឹកហ្វឺនដើម្បីឆ្លងផែនការហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕
08/03/2026
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូនពរ គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
20/12/2025
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធជននៅមន្ទីរពេទ្យព្រះកេតុមាលា ដែលកំពុងសម្រាកព្យាបាលរបួសក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាពរបស់យុទ្ធជន ដែលមានឆន្ទៈដ៏អង់អាចក្លាហាន មោះមុត ការពារបូរណភាពទឹកដីពីការឈ្លានពាន។
ជាមួយនោះ អគ្គមេបញ្ជាការ ក៏បានផ្តល់នូវការលើកទឹកចិត្ត និងជូនពរដល់វីរយុទ្ធជនកម្ពុជាដែលរងរបួសទាំងអស់ សូមឆាប់បានជាសះស្បើយពីរបួសស្នាម នឹងអាចវិលត្រឡប់ទៅអង្គភាពវិញ ដើម្បីបន្តភារកិច្ចឧត្តុង្គឧត្តមជូនជាតិក្នុងពេលឆាប់ៗនេះ៕
18/11/2025
អគ្គមេបញ្ជាការ អនុញ្ញាតឲ្យសេនានុព័ន្ធចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្វីត ដែលត្រូវបានតែងតាំងជាសេនានុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក នឹងជំរុញបន្ថែមនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម បានរំលេចពីទំនាក់ទំនងការទូតវាងកម្ពុជានិងអង់គ្លេសតាំងពីឆ្នាំ១៩៥៣ ហើយទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ក្នុងនោះលើវិស័យយោធា អង់គ្លេសបានផ្តល់អាហារូបករណ៍រាជបណ្ឌិតសភាយោធាសេនហើសដល់សិក្ខាកាមកម្ពុជាជាបន្តបន្ទាប់ ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក។
ឯកឧត្តមជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា បន្តកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើលំហាត់យោធា និងការចូលចតនាវា។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនសេនានុព័ន្ធចក្រភពអង់គ្លេស អំពីបច្ចុប្បន្នភាព និងការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានសម្ដែងនូវការសប្បាយរីករាយចំពោះសិក្ខាកាមកម្ពុជាបានទៅសិក្សានៅសាលារាជបណ្ឌិត្យសភាយោធាសេនហើស ចក្រភពអង់គ្លេស និងបានផ្តល់អាហាររូបករណ៍បន្ថែមដល់សិក្ខាកាមកងទ័ពកម្ពុជាដើម្បីទៅធ្វើការបណ្ដុះបណ្ដាលផ្នែកកងទ័ពជើងទឹកនៅចក្រភពអង់គ្លេស។
លោកវរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រដល់ដំណើរបំពេញទស្សនកិច្ចរបស់នាវាអង់គ្លេសនៅព្រះរាជាណាចក្រកម្ពុជា ដោយលោកវរសេនីយ៍ឯក បញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ នាវារបស់អង់គ្លេសនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត។
ពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាឱ្យមានស្ថេរភាពនៅតំបន់ព្រំដែន ដោយគាំទ្រចំពោះកិច្ចខិតខំការទូត កិច្ចសន្ទនាដោយសន្តិវិធី ភាពស្ងប់ស្ងាត់ ជាពិសេស ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍វិវត្តន៍នៅតំបន់ព្រំដែនប្រទេសទាំងពីរ និងបានសម្ដែងការគាំទ្រចំពោះជំហរកម្ពុជា ដែលកន្លងមកបានប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងច្បាប់អន្តរជាតិ ហើយលោកថានឹងទៅពិនិត្យមើលផ្ទាល់កន្លែងជនភៀសសិក នៅខេត្តបន្ទាយមានជ័យ តាមរយៈក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP)។
លោកសេនានុព័ន្ធចក្រភពអង់គ្លេស បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងបានជំរុញឲ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង ១៨ រូប មកឲ្យកម្ពុជាវិញ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕
17/11/2025
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
Click here to claim your Sponsored Listing.